Seminar on Education System and Scholarship Opportunities in Malaysia

សាលារៀនសុវណ្ណភូមិបានសហការណ៍ជាមួយក្រសួងអប់រំម៉ាឡេស៊ីតាមរយៈ Rexpo Education ក្នុងការរៀបចំសិក្ខាសាលាស្តីពីប្រព័ន្ធអប់រំថ្នាក់ឧត្តមសិក្សានៅប្រទេសម៉ាឡេស៊ី

កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ សាលារៀនសុវណ្ណភូមិ បានរៀបចំសិក្ខាសាលាស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសម៉ាឡេស៊ី ​ ក្រោមអធិបតីភាពរបស់លោកស្រី Normala អ្នកគ្រប់គ្រងទូទៅនៃក្រសួងអប់រំថ្នាក់ឧត្តមសិក្សាប្រទេសម៉ាឡេស៊ី ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្មវិធីអប់រំអន្តរជាតិ​​ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យ​អប់រំ   ក៏ដូចជាចូលរួមបង្កើនធនធានមនុស្សប្រកប​ដោយ​ប្រសិទ្ធភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ការរៀបចំសិក្ខាសាលានេះមានគោលបំណងផ្តល់ជូនដល់សិស្សានុសិស្សសាលារៀនសុវណ្ណភូមិនូវព័ត៌មានអំពីអាហារូបករណ៍ វិធីសាស្រ្តក្នុងការទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសម៉ាឡេស៊ី និងជាពិសេស​គន្លិះដើម្បីទទួលបាន​លទ្ធផលល្អក្នុងការសិក្សា (គឺនិទ្ទេស A)។

នេះបញ្ជាក់ឲ្យឃើញថាសាលារៀនសុវណ្ណភូមិតែងតែស្វែងរកគ្រឹះស្ថានអប់រំល្អៗដែលមានគុណភាព​​​​​​អប់រំខ្ពស់ ក្នុងគោលបំណងបញ្ជូនសិស្សានុសិស្ស ក៏ដូចជាបុគ្គលិកសិក្សា ឲ្យមានឱកាសបានសិក្សាស្វែងយល់ អំពីការរស់នៅ ទំនៀមទំលាប់ប្រពៃណី និង វប្បធម៌ នៅឯក្រៅប្រទេស តាមរយៈទស្សនកិច្ចសិក្សា ពីព្រោះនៅពេលបញ្ចប់ការសិក្សានៅសាលារៀនសុវណ្ណភូមិ  ពួកគេទាំងអស់ពិតជានឹងក្លាយជាពលរដ្ឋដ៏ល្អពោរពេញទៅ ដោយសមត្ថភាពទាំងផ្នែកភាសាបច្ចេកទេសជំនាញ និង ធ្វើជាទំពាំងស្នងឬស្សីក្នុងការអភិវឌ្ឍប្រទេសជាតិ ។

គួររំលឹកផងដែរថា ចក្ខុវិស័យរបស់សាលារៀនសុវណ្ណភូមិ គឺផ្តល់ជួនសេវាកម្មអប់រំប្រកបដោយគុណភាពខ្ពស់ជូនដល់សិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន ទាំងផ្នែកចំណេះទូទៅខ្មែរចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់វិទ្យាល័យ និងភាសាអង់គ្លេស ទូទៅចាប់ពីមត្តេយ្យរហូតដល់មធ្យមសិក្សា។

បេសកកម្មរបស់សាលារៀនសុវណ្ណភូមិមាន៤គឺ៖

១-ផ្តល់នូវកម្មវិធីសិក្សាដែលមានគុណភាព

២-ផ្តល់ជូននូវគ្រូបង្រៀនដែលមានបទពិសោធន៍និងជំនាញច្បាស់លាស់

៣-​ផ្តល់ជូននូវសម្ភារៈឧបទេ្ទសគ្រប់គ្រាន់

៤-ផ្តល់ជូននូវបរិយាកាសល្អក្នុងការសិក្សា

ជាលទ្ធផលត្រឹមឆ្នាំសិក្សា២០១៤-២០១៥នេះ សាលារៀនសុវណ្ណភូមិ បានពង្រីកទីតាំងសរុបចំនួន ២០ កន្លែង ទូទាំងប្រទេស ដោយមាន១៤ទីតាំងនៅក្នុងរាជធានីភ្នំពេញ និង​៦ទីតាំងទៀតនៅតាមបណ្តាខេត្តសំខាន់ៗមានដូចជា៖ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត និងខេត្តសៀមរាប ហើយមានសិស្សកំពុងសិក្សាសរុបមានចំនួនជាង ៣៥ ០០០នាក់ និងបុគ្គលិកសរុបចំនួន ១ ២០០នាក់។

ក្នុងផែនកាយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ របស់សាលារៀនសុវណ្ណភូមិ បានបង្ហាញអំពីការពង្រីកទីតាំងបន្ថែម ក្នុងតំបន់សក្តានុពលមួយចំនួនទាំងនៅក្នុងរា​ជធានីភ្នំពេញ និងតាមបណ្តាខេត្តសំខាន់ៗឲ្យបានចន្លោះពី ២៣-២៥ទីតាំង  ទូទាំងប្រទេសត្រឹមឆ្នាំ២០១៧។