នាព្រឹកថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៥ អ៊ិន ធី ស៊ីគ្រុប ដែលមានឧបសម្ព័ន្ធរួមមាន សាលារៀនសុវណ្ណភូមិ សាលារៀនប្រ៊ីជតុន សាលាញូវតុនធីឡាយ សាលាអាមេរិកាំងប៉ាស៊ីហ្វិក សាលាអន្តរជាតិអ៊ិសវ៉េស និងសាលាអន្តរជាតិចិន-អាមេរិកាំង បានរៀបចំបើកការប្រឡងសិល្បៈប្រចាំឆ្នាំលើកទី១៣ ឆ្នាំ ២០១៤-២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ា ជា ធីឡាយ និងលោកជំទាវ ព្រមទាំងមានការចូលរួមពីលោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ អ៊ិន ធី ស៊ីគ្រុប ព្រមទាំងថ្នាក់ដឹកនាំគណៈគ្រប់គ្រងសាលា បុគ្គលិក លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សទូទាំងរាជធានី-ខេត្ត។
លោក ជា តុលា ប្រធានគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិបានឲ្យដឹងថា ក្រោមការដឹកនាំរបស់លោក ឧកញ៉ា ជា ធីឡាយ និង លោកប្រធាននាយកប្រតិបត្តិ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងការចូលរួមរបស់លោកគ្រូ-អ្នកគ្រូ អាណាព្យាបាល និង ក្មួយៗសិស្សានុសិស្ស នៃអ៊ិនធីស៊ីគ្រុប ទាំងអស់ បានរៀបចំការប្រឡងសិល្បៈនេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និង លើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិខ្មែរដល់ ក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី ឲ្យមានការយល់ដឹង អំពីសារៈប្រយោជន៍ និងការចូលរួមចំណែក នៅក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិឲ្យគង់វង្សជាដរាបរៀងទៅ ។ ការបង្កើតឲ្យមានការប្រឡងសិល្បៈនេះ វាបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់លើវិស័យសិល្បៈ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងថែ រក្សាសម្បត្តិវប្បធម៌ ដែលជាប្រពៃណីជាតិរបស់បុព្វបុរសខ្មែរបានបន្សល់ទុកសម្រាប់ប្រជាជាតិទាំងមូល។ នៅពេលបច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោក បានជំរុញឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងអប់រំ ឲ្យមានការរៀបចំថែរក្សាសិល្បៈ ជាសម្បត្តិវប្បធម៌ ជាតិខ្មែរឲ្យបានល្អបំផុត ។
ដោយហេតុដូច្នេះហើយ ទើបលោកឧកញ៉ា បានចំណាយទាំងប្រាជ្ញាស្មារតី ធនធានផ្ទាល់ខ្លួន ដើម្បី បង្កើតកម្មវិធីប្រលងសិល្បៈ ដណ្តើមពានរង្វាន់របស់ អ៊ិនធីស៊ីគ្រុបនេះឡើង ។ ដើម្បីជួយអប់រំ និងថែរក្សានូវ វប្បធម៌ជាតិរបស់យើង ជាពិសេសបណ្តុះបណ្តាលសិស្សានុសិស្ស ឲ្យយល់អំពីតម្លៃនៃសិល្បៈ វប្បធម៌ខ្មែរដែល មានតម្លៃមិនអាចកាត់ថ្លៃបាន ជាងនេះទៅទៀតនោះ ធ្វើឲ្យសិស្សានុសិស្សមានបញ្ញាស្មារតី អកប្បកិរិយា សុភាព រាបសា និង មានសុខភាពល្អ ។ ដោយធ្វើយ៉ាងណាឲ្យ អ៊ិនធីស៊ីគ្រុប ក្លាយទៅជាកន្លែងអប់រំមួយ ដែលមាន លក្ខណៈត្រឹមត្រូវតាមស្តង់ដា ហើយជាស្ថាប័នអប់រំឈានមុខគេនៅ ព្រះរាជាណាចក្រកម្ពុជា ។ ដោយមួយឆ្នាំៗ ក្រុមសិល្បៈទាំងអស់ មានការកើនឡើងជាលំដាប់ក្នុងនោះមានៈ
- ចំនួនសិល្បករ សិល្បការិនី មកពីសាលាញូវតុនធីឡាយប្រតិបត្តិការភ្នំពេញ មាន ៧៣ នាក់
- ចំនួនសិល្បករ សិល្បការិនី មកពីសាលាញូវតុនធីឡាយប្រតិបត្តិការខេត្ត មាន ៦០ នាក់
- ចំនួនសិល្បករ សិល្បការិនី មកពីសាលារៀនសុវណ្ណភូមិខេត្ត មាន ១៣៧ នាក់
- ចំនួនសិល្បករ សិល្បការិនី មកពីសាលារៀនសុវណ្ណភូមិភ្នំពេញ មាន ៥៩០ នាក់
- ចំនួនសិល្បករ សិល្បការិនី មកពីសាសារៀនប្រ៊ីជតុនភ្នំពេញ មាន ៩០ នាក់
- ចំនួនសិល្បករ សិល្បការិនី មកពីសាសារៀនប្រ៊ីជតុនខេត្ត មាន ៣៨ នាក់
- ចំនួនសិល្បករ សិល្បការិនី មកពីសាសារៀនវេសវើល មាន ៣៤ នាក់
- បូកសរុបសិល្បករ សិល្បការិនីទាំងអស់មានចំនួន ១០២២ នាក់
- សរុបចំនួនវិញ្ញាសាទាំងអស់មាន ១៥០ វិញ្ញាសា
វិញ្ញាសាដែលត្រូវប្រឡងឆ្នាំនេះមាន
- ចំពោះវិញ្ញាសារបាំមាន ០៤ របាំ
- របាំស្វា (មានចំនួន០៩ វិញ្ញាសារ)
- របាំព្រាប (មានចំនួន១៨ វិញ្ញាសារ)
- របាំគោះត្រឡោក (មានចំនួន១៨ វិញ្ញាសារ)
- របាំផ្លយសួយ (មានចំនួន១០ វិញ្ញាសារ)
- ចំពោះវិញ្ញាសាសម្តែងរឿងមាន ០១ វិញ្ញាសា
- ទំរង់បាសាក់ (មានចំនួន១៤ វិញ្ញាសារ)
- ទំរងយីកេ (មានចំនួន០១ វិញ្ញាសារ)
- ចំពោះវិញ្ញាសាបង្ហាញម៉ូតមាន ០២ វិញ្ញាសា
- បង្ហាញម៉ូតបូរាណ (មានចំនួន១៦ វិញ្ញាសារ)
- បង្ហាញម៉ូតសម័យ (មានចំនួន១៨ វិញ្ញាសារ)
- ចំពោះវិញ្ញាសាចំរៀងមាន ០២ វិញ្ញាសា
- ចំរៀងកាយវិការភាសារខ្មែរ (មានចំនួន០៩ វិញ្ញាសារ)
- ចំរៀងកាយវិការភាសារអង់គ្លេស (មានចំនួន២០ វិញ្ញាសារ)
- ចំពោះវិញ្ញាសាកំណាព្យមាន ០១ វិញ្ញាសា (មានចំនួន១៦ វិញ្ញាសារ)
បើយើងធ្វើការប្រៀបធៀបក្រុមសិល្បៈគ្រប់វិញ្ញាសាមានការកើនឡើង ២៤ វិញ្ញាសា លើសកាលពីឆ្នាំមុន ទាំងនេះដោយសារការចូលរួមពីថ្នាក់ដឹកនាំ អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ដែលបានយកចិត្ត ទុកដាក់ ក៏ដូចជាផ្តល់នូវការទុកចិត្តដល់ អ៊ិនធីស៊ីគ្រុប។
គួរបញ្ជាក់ផងដែរថា ការប្រឡងសិល្បៈនេះក៏មានការចូលរួមពីក្រុមហ៊ុន OKF ដែលបានជួយឧបត្ថម្ភដល់ការប្រឡងនេះផងដែរ។
លោក ឧកញ៉ា ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ីគ្រុប មានប្រសាសន៍នាឳកាសនេះថា ការរៀបចំការប្រឡងនេះឡើង គឺក្នុងគោលបំណងផ្សព្វផ្សាយ និង លើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិខ្មែរដល់ ក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី ឲ្យមានការយល់ដឹង អំពីសារៈប្រយោជន៍ និងការចូលរួមចំណែក នៅក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិឲ្យគង់វង្សជាដរាបរៀងទៅ ។
ព្រឹត្តិការណ៍នៃការប្រឡងសិល្បៈបែបនេះមានរយៈពេល ១៣ ឆ្នាំហើយ ដោយមានការចូលរួមពីសិស្សានុសិស្សមត្តេយ្យរបស់ អ៊ិន ធី ស៊ីគ្រុប គ្រប់ខេត្ត ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយក៏មានចូលរួមសហការ និងការយកចិត្តទុកដាក់ពីសំណាក់មាតាបិតា អាណាព្យាបាលសិស្ស ដែលបានជំរុញឲ្យមានការប្រឡងប្រកបដោយដំណើការជោគជ័យគួរជាទីមោទនៈ។