SPS CPV II Grand Opening

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសាលារៀនសុវណ្ណភូមិ ទីតាំងទី១៨ ជម្ពូវ័ន ២

 កាលពីព្រឹក ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ២០១៥ សាលារៀនសុវណ្ណភូមិ ទីតាំងទី១៨ ទីតាំងជម្ពូវ័ន២ បានប្រារព្ធពិធីសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មីរបស់ខ្លួន ដែលមានទីតាំងនៅ ផ្ទះលេខ ១៦៨ សង្កាត់ចោមចៅ ខណ្ឌពោធ៌៍សែនជ័យ ក្រុង ភ្នំពេញក្រោមការអញ្ជើញចូលរូមពី៖

  1. លោក ឧកញ៉ា ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ីគ្រុប និងលោកជំទាវ 
  2. លោក ឃឹម ផុន នាយកប្រតិបត្តិនៃ អ៊ិន ធី ស៊ីគ្រុប
  3. ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់ អ៊ិន ធី ស៊ីគ្រុប 
  4. គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់។

សាលារៀនសុវណ្ណភូមិ គឺជាគ្រឹះស្ថានអប់រំរបស់ អ៊ិន ធី ស៊ីគ្រុប  ដែលផ្តល់ជួននូវ ថ្នាក់ចំណេះទូទៅខ្មែរ ពីមត្តេយ្យដល់ថ្នាក់ទី១២ និងភាសាអង់គ្លេសទូទៅគ្រប់កម្រិត។

លោក ឃឹម ផុន នាយកប្រត្តិបត្តិនៃ អ៊ិន ធី ស៊ីគ្រុប បានមានប្រសាសន៍នាឱកាសនោះថា៖ លក្ខណៈ ពិសេសរបស់សាលារៀនសុវណ្ណភូមិគឺ អគារសិក្សាផ្ទាល់ខ្លួន កម្មវិធីសិក្សាមានការទទួលស្គាល់ពីក្រសួងអប់រំយុវជននិងកីឡា ប្រជុំគ្រូដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ សម្ភារៈឧបទ្ទេសគ្រប់គ្រាន់ទៅតាមកម្រិតសិក្សានីមួយៗ បរិយាកាស ក្នុងការសិក្សាមានការប្រកួតប្រជែង និងមានទីធ្លារធំទូលាយដើម្បីធានាបាននួវគុណភាព និងសុវត្ថិភាពជួនដល់ សិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋាន។ កម្មវិធីសិក្សារបស់សាលារៀនសុវណ្ណភូមិ រៀបចំឡើងក្នុងគោលបំណងដើម្បី បំពេញនូវតម្រូវការរបស់អ្នកសិក្សាដោយផ្អែកទៅលើភាពរីកចម្រើនរបស់សង្គម ការប្រកួតប្រជែងគុណភាពក្នុងតំបន់ និងឱកាសទីផ្សារការងារ ហើយបាននិងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់បំផុត ទៅតាមនិយាមគរុកោសល្យក្នុងសាលារៀនសុវណ្ណភូមិ។

ចក្ខុវិស័យរបស់សាលារៀនសុវណ្ណភូមិ គឺផ្តល់ជួនសេវាកម្មអប់រំប្រកបដោយគុណភាពខ្ពស់ជូនដល់សិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន ទាំងផ្នែកចំណេះទូទៅខ្មែរចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់វិទ្យាល័យ និងភាសាអង់គ្លេស ទូទៅចាប់ពីមត្តេយ្យរហូតដល់មធ្យមសិក្សា។

បេសកកម្មរបស់សាលារៀនសុវណ្ណភូមិមាន៤គឺ៖

  1. ផ្តល់នូវកម្មវិធីសិក្សាដែលមានគុណភាព
  2. ផ្តល់ជូននូវគ្រូបង្រៀនដែលមានបទពិសោធន៍និងជំនាញច្បាស់លាស់
  3. ផ្តល់ជូននូវសម្ភារៈឧបទេ្ទសគ្រប់គ្រាន់
  4. ផ្តល់ជូននូវបរិយាកាសល្អក្នុងការសិក្សា

ជាលទ្ធផលត្រឹមឆ្នាំសិក្សា២០១៤-២០១៥នេះ សាលារៀនសុវណ្ណភូមិ បានពង្រីកទីតាំងសរុបចំនួន ២០ កន្លែង ទូទាំងប្រទេស ដោយមាន១៤ទីតាំងនៅក្នុងរាជធានីភ្នំពេញ និង៦ទីតាំងទៀតនៅតាមបណ្តាខេត្តសំខាន់ៗមានដូចជា៖ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត និងខេត្តសៀមរាប ហើយមានសិស្សកំពុងសិក្សាសរុបមានចំនួនជាង ៣៥ ០០០នាក់ និងបុគ្គលិកសរុបចំនួន ១ ២០០នាក់។

ក្នុងផែនកាយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ របស់សាលារៀនសុវណ្ណភូមិ បានបង្ហាញអំពីការពង្រីកទីតាំងបន្ថែម ក្នុងតំបន់សក្តានុពលមួយចំនួនទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសំខាន់ៗឲ្យបានចន្លោះពី ២៣-២៥ទីតាំង  ទូទាំងប្រទេសត្រឹមឆ្នាំ២០១៧។

សមិទ្ឋិផលដ៍ត្រចៈត្រចង់នាពេលនេះ គឺជាមោទនភាពរបស់គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក ដែលមានលោក ឧកញ៉ា ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ីគ្រុប និងលោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ ដែលបានផ្តល់អនុសន៍ជាគន្លឹះសំខាន់ៗជាច្រើន ក្នុងការរៀបចំផែនការអភិវឌ្ឍន៍សាលារៀនសុវណ្ណភូមិ។ លើសពីនេះលោក ឧកញ៉ាអគ្គនាយក បានរួមចំណែកក្នុងការងារសង្គម និងសកម្មភាពមនុស្សធម៌ផ្សេងៗទៀត ជាក់ស្តែងក្រោមគំនិត ផ្តូចផ្តើមរបស់លោក ឧកញ៉ាអគ្គនាយក បានបង្កើតឲ្យមាន មូលនិធិសប្បុរសធម៌សាលារៀនសុវណ្ណភូមិ ក្នុងគោលបំណង ដើម្បីជួយសម្រាលការលំបាកដល់ក្រុមគ្រួសារក្រីក្រ ជនចាស់ជរាគ្មានទីពឹង និងកុមារកំព្រាដែលកំពុងជួបប្រទះ ការខ្វះខាត។

ស្ថិតក្នុងឱកាសនេះដែរ លោកឧកញ្ញាអគ្គនាយក និងលោកជំទាវ បានចំណាយថវិការផ្ទាល់ខ្លួនមួយចំនួន ដើម្បីជួយឧបត្ថម្ភដល់ក្រុមគ្រួសារក្រីក្រចំនួន៥គ្រួសារដែល២គ្រួសារបានអញ្ជើញមកពីភូមិសមរោង ស្រុកត្របែក ខេត្តព្រៃវែង ហើយ១គ្រួសារអញ្ជើញមកពី ភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាលនិង២គ្រួសារទៀតបានអញ្ជើញមកពី ភូមិថ្ម សង្កាត់ឪឡោក ខណ្ឌពោធ៌៍សែនជ័យ រាជធានីភ្នំពេញ ដែលពួកគាត់ទាំង៥គ្រួសារកំពុងជួបប្រទះការខ្វះខាតធ្ងន់ធ្ងរ ក្នុងជីវភាពរស់នៅ      ប្រចាំថ្ងៃ។ ចំពោះសម្ភារៈដែលត្រូវប្រគល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ១បាវ ភួយ១ កន្ទេល១ មុង១ ក្រមារ១  ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យូរ ប៊ីចេងមួយកញ្ចប់ និងថវិកា ០៤ម៉ឺនរៀល ហើយចំណាយជាទឹកប្រាក់សរុបចំនួន  ១ លានរៀល។

ទោះបីជាសម្ភារៈដែលទទួលបានមានចំនួនតិចតួច ប៉ុន្តែនេះគឺជាសកម្មភាពចែករំលែកទុក្ខលំបាកទៅដល់    គ្រួសារក្រីក្រដែលកំពុងជួបប្រទះការខ្វះខាត និងទុកជាគំរូល្អសម្រាប់ប្អូនៗសិស្សានុសិស្សទាំងអស់នៃសាលារៀន សុវណ្ណភូមិ ឲ្យមានវប្បធម៌ចេះជួយគ្នានៅគ្រាមានអាសន្ន និងត្រូវចេះអោយតំលៃគ្នា។

លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ីគ្រុប បានមានប្រសាសន៍ថា៖ ពិធីសម្ពោធសាលារៀនសុវណ្ណភូមិ នៅទីនេះ  គឺក្នុងគោលបំណងផ្សព្វផ្សាយនូវព័ត៌មាន ជូនដល់  ឯកឧត្តម  លោកជំទាវ  អស់លោក – លោកស្រី    ក្មួយៗ  សិស្សានុសិស្ស  ជាមាតាបិតា និង អាណាព្យាបាលសិស្សទាំងអស់នៅទីនេះឲ្យបានដឹងនិងជ្រួតជ្រាបថា ការបើកសាលារៀនសុវណ្ណ ភូមិទី១៩ គឺដើម្បីនាំមកនូវសេវាកម្មអប់រំ ប្រកបដោយគុណភាពដែលបានទទួលស្គាល់ពី        ឯកឧត្តម លោកជំទាវ អស់លោក-លោកស្រី ជាមាតាបិតា អាណាព្យាបាលសិស្សកន្លងមក ជូនដល់  ក្មួយៗ សិស្សានុសិស្ស ដែលជាបុត្រធីតារបស់ អស់លោក-លោកស្រី លើសពីនេះទៅទៀត ដើម្បីផ្តល់ឲ្យនូវទីផ្សារការងារ  ដល់យុវជនជំនាន់ក្រោយ មានឱកាសបានទទួលយកការងារ ក្នុងវិស័យអប់រំ  រឺ ជំនាញណាមួយដែលពួកគេបានសិក្សា   ។   ជាពិសេស ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ ធនធានមនុស្ស សំដៅលុបបំបាត់ភាពមិនចេះអក្សរ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដែលស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៥ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន  ជាប្រមុខ ការវិវត្តន៍ដ៏ប្រសើរនេះគឺជាការចូលរួមចំណែកយ៉ាងសកម្ម  ក្នុងវិស័យអប់រំនៅកម្ពុជា  ជាពិសេសការអភិវឌ្ឍនធនធានមនុស្ស ប្រកបដោយនិរន្តរភាព   ដែលស្របតាមគោលនយោបាយអភិវឌ្ឍន៍  របស់ក្រសួងអប់រំ ឆ្នាំ២០០៣ ដល់២០១៥  គឺការអប់រំសម្រាប់ទាំងអស់គ្នា រឺ ទាំងអស់គ្នាសម្រាប់ការអប់រំ  ។