20th Anniversary of NTC Group

ស្ថាប័នអប់រំ អ៊ិន​ ធី​ ស៊ីគ្រុប រៀបចំពិធីខួបគំរប់ ២០ ឆ្នាំ និង​ ពិធីផ្តល់ពានរង្វាន់ មេដាយ និងបណ្ណសរសើរដល់បុគ្គលិកឆ្នើម ដើម្បីអបអរពិធីចូលឆ្នាំប្រពៃណីខ្មែរ

នាថ្ងៃទី ០៩ ខែ មេសា ឆ្នាំ២០១៦ ស្ថាប័នអប់រំ អ៊ិន ធី ស៊ីគ្រុប ដែលមានឧបសម្ពន្ធរួមមាន សាលារៀនសុវណ្ណភូមិ សាលារៀនប្រ៊ីជតុន សាលាញូវតុនធីឡាយ សាលាអាមេរិកាំងប៉ាស៊ីហ្វិក សាលាអន្តរជាតិអ៊ិសវ៉េស សាលាអន្តរជាតិចិន-អាមេរិកាំង បានរៀបចំពិធីខួបគំរប់ ២០ ឆ្នាំ និង ពិធីផ្តល់ពានរង្វាន់ មេដាយ និងបណ្ណសរសើរដល់បុគ្គលិកឆ្នើម ដើម្បីអបអរពិធីចូលឆ្នាំប្រពៃណីខ្មែរដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខ នៅសណ្ឋាគារកាបូឌីយ៉ាណា។ ពិធីខួប២០ឆ្នាំ និង ការផ្តល់ជ័យលាភីនេះមានការអញ្ជើញចូលរួមផ្តល់ជាកិត្តិយសពី៖

– លោកឧកញ៉ា ជា ធីឡាយ និងលោកជំទាវ យូ ឃីមធីឡាយ

– លោក ឃឹម ផុន ប្រធាននាយកប្រត្តិបត្ត អ៊ិន ធី ស៊ីគ្រុប

– ថ្នាក់ដឹកនាំ គណៈគ្រប់គ្រងសាលាទាំងអស់របស់ស្ថាប័នអប់រំ អ៊ិន ធី ស៊ីគ្រុប

វត្តមាន២០ឆ្នាំរបស់ស្ថាប័នអប់រំ អ៊ិន ធី ស៊ីគ្រុប (១៩៩៦-២០១៦) ក្នុងវិស័យអប់រំឯកជនចាប់ពីកំរិតមត្តេយ្យសិក្សារហូតដល់វិទ្យាល័យ បាននឹងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីលើកកម្ពស់គុណភាពអប់រំ និងបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ជាក់ស្តែងត្រឹមឆ្នាំសិក្សា២០១៤-២០១៥កន្លងទៅនេះ ស្ថាប័នអប់រំ អ៊ិន ធី ស៊ីគ្រុប បានផ្តល់ការងារជូនដល់បុគ្គលិកចំនួន ២៤៧៤ នាក់ ក្នុងចំណោម៣២ទីតាំងប្រតិបត្តិការទូទាំងប្រទេស ដោយមានចំនួនសិស្សសរុបប្រមាណ ៣៧៣៤៥ នាក់។ គួររំលឹកផងដែរថា ចាប់តាំងពីមានវត្តមានរបស់ស្ថាប័នអប់រំ អ៊ិន ធី ស៊ីគ្រុប មកដល់ពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញមានអតិតជាសិស្ស ក៏ដូចជាបុគ្គលិកជាច្រើនបានមានឱកាសការងារល្អៗជាមួយក្រុមហ៊ុន អង្គការ និងស្ថាប័ននានា ពិសេសអាចក្លាយទៅជាម្ចាស់អាជីវកម្មផ្ទាល់ ដែលអាចមានឱកាសក្នុងការបង្កើតទីផ្សារការងារបន្តទៀត ក៏ដូចជាការរួមចំនែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិ។

ស្ថាប័នអប់រំ អ៊ិន ធី ស៊ីគ្រុប ពិតជាមានមោទនភាពចំពោះបេសកកម្ម២០ឆ្នាំរបស់ខ្លួនក្នុងវិស័យអប់រំឯកជន និងសូមប្តេជ្ញាចិត្តចំពោះបេសកកម្ម២០ឆ្នាំបន្តទៀតដើម្បីរួមចំនែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ក្រោយការដឹកនាំរបស់លោកឧកញ៉ា ជា ធីឡាយ អគ្គនាយកស្ថាប័នអប់រំ អ៊ិន ធី ស៊ីគ្រុប។ 

នៅក្នុងពិធីខួប ២០ ឆ្នាំនេះផងដែរ លោកឧកញ៉ា ជា ធីឡាយ បានបំពាក់មេដាយ ផ្តល់ពានរង្វាន់ និងបណ្ណសរសើរ ដល់បុគ្គលិកឆ្នើមរបស់ខ្លួន ដែលមានភក្តីភាព និងការលះបង់ខ្ពស់ចំពោះស្ថាប័នអប់រំអ៊ិន ធី ស៊ីគ្រុប។ ការរីកចំរើនឥតឈប់ឈររបស់ស្ថាប័នអប់រំអ៊ិន ធី ស៊ីគ្រុប គឺបានមកពីការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងយកចិត្តទុកដាក់ក្នុងការងារការអប់រំពីសំណាក់ថ្នាក់ដឹកនាំម្នាក់ៗ ដែលជាបុគ្គលយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ 

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ឧកញ៉ា ជា ធីឡាយ ថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់របស់ ស្ថាប័នអប់រំ អ៊ិន ធី ស៊ីគ្រុប សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរបវរសួស្ដីសិរីមង្គលវិបុលសុខ មហាប្រសើរថ្វាយជូន សម្ដេច ឯកឧត្តម លោក អ្នកឧកញ៉ា លោកជំទាវ លោកស្រី និងសិស្សានុសិស្សទាំងអស់ ដែលផ្តល់ទំនុកចិត្តលើសេវាកម្មអប់រំរបស់សាលារៀនសុវណ្ណភូមិ សាលារៀនប្រ៊ីជតុន សាលាញូវតុនធីឡាយ សាលាអាមេរិកាំងប៉ាស៊ីហ្វិក សាលាអន្តរជាតិអ៊ិសវ៉េស សាលាអន្តរជាតិចិន-អាមេរិកាំង ទូទាំងព្រះរាជាណាចក្រកម្ពុជា សូមបានសម្រេច នូវពរជ័យទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ ។